ហួសចិត្ត! ហេតុតែស្រលាញ់កាហ្វេអាម៉ាហ្សូនពេក ដល់ថ្នាក់ទៅលួចកាត់ស្លាកយីហោយកទៅដេកអោប

ភ្នំពេញ៖ បុរសម្នាក់បានធ្វើសកម្មភាពលួចកាត់ស្លាកយីហោរបស់ហាងកាហ្វេ Amazon តែត្រូវសន្តិសុខឃើញទាន់ឃាត់ខ្លួនមកធ្វើការសាកសួរនៅប៉ុស្តិ៍សមត្ថកិច្ច ដែលហេតុការណ៍នេះបានបង្ករអោយមានការភ្ញាក់ផ្អើលកាលបីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវលេខ៤៣០ កែងនឹងផ្លូវលេខ១៨៣ ក្រោយមន្ទីរពេទ្យរុស្សី ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន។

ក្រោយពីធ្វើការឃាត់ខ្លួនជនសង្ស័យទៅធ្វើការសាកសួរនៅប៉ុស្តិ៍ទំនប់ទឹកហើយ ជនសង្ស័យខាងលើបានសារភាពថា ខ្លួនមានឈ្មោះ សេង សេងម៉ូវ អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅឃុំព្រែកនរិន្ទ ស្រុកឯងភ្នំ ខេត្តបាត់ដំបង។ មុនកើតហេតុខ្លួនបានជិះម៉ូតូមួយគ្រឿងម៉ាក Suzuki Smash ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AL-3784 មកធ្វើការកាត់ស្លាកយីហោហាងកាហ្វេ Amazon ដោយហេតុថាខ្លួនជាហ្វេនស្រលាញ់ពេក ចង់កាត់យកទៅដេកអោប និងយកទៅចងនៅផ្ទះតែប៉ុណ្ណោះ គ្មានបំណងអាក្រក់អ្វីនោះទេ។ លុះពេលសមត្ថកិច្ចសួររកកន្លែងស្នាក់នៅ បុរសនោះបែជាឆ្លើយថាផ្ទះគាត់នៅផ្កាយ៣ ហើយពេលសមត្ថកិច្ចអោយហៅលេខទូរស័ព្ទអ្នកផ្ទះដើម្បីទាក់ទងទៅអ្នកផ្ទះអោយមកទទួលយកទៅផ្ទះវិញស្រាប់តែគាត់អង្គុយចុចទូរស័ព្ទលេងធ្វើអោយសមត្ថកិច្ចអស់អីនិយាយតែម្តង៕
Post a Comment